ស្វែងយល់ពីគុណសម្បត្តិ និងគុណវិប្បត្តិនៃអាជីវកម្មបែប ហ្វ្រេនឆាយ

503

អាជីវកម្មបែប ហ្វ្រេនឆាយ បើប្រែជាលក្ខណៈបច្ចេកទេសគឺ ការទិញ-លក់សិទ្ធអាជីវកម្ម ដែលមានន័យថា ជាវិធីសាស្ត្រចែកចាយផលិតផល និងសេវាកម្មដែលមានលក្ខណៈជាប្រព័ន្ធ ។ ជាទូទៅ ហ្វ្រេនឆាយ មានការចូលរួមពីភាគីចំនួនពីរគឺ៖ (១) ម្ចាស់សិទ្ធអាជីវកម្ម (franchisor) ដែលជាម្ចាស់ម៉ាកអាជីវកម្ម (brand’s trademark or trade name) និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មទាំងមូល; (២) អ្នកទិញសិទ្ធអាជីវកម្ម (franchisee) ដែលចាយលុយលើការទិញសិទ្ធអនុញ្ញាតិបើកអាជីវកម្មដោយប្រើប្រាស់ម៉ាកសញ្ញា និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មនៅក្នុងតំបន់ណាមួយដែលបានព្រមព្រៀង ។ ជាលក្ខណៈបច្ចេកទេស កិច្ចសន្យារវាង ម្ចាស់សិទ្ធអាជីវកម្ម និង អ្នកទិញសិទ្ធអាជីវកម្ម គឺជាអាជីវកម្ម ហ្វ្រេនឆាយ ។

នៅក្នុងទំរង់នៃអាជីវកម្ម ហ្វ្រេនឆាយ ម្ចាស់សិទ្ធអាជីវកម្ម មានតួនាទីផ្តល់ទៅឲ្យ អ្នកទិញសិទ្ធអាជីវកម្ម នូវម៉ាកសញ្ញា ផលិតផល សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងអាជីវកម្មទាំងមូល ។ រីឯ អ្នកទិញសិទ្ធអាជីវកម្ម វិញជាទូទៅនឹងទទួលបានការគាំទ្រលើការជ្រើសរើសទីតាំងសម្រាប់អាជីវកម្ម ការបណ្តុះបណ្តាលលើប្រព័ន្ធប្រតិបត្តិការ ការប្រើប្រាស់ម៉ាកសញ្ញាឲ្យត្រូវតាមស្តង់ដារ ការគ្រប់គ្រងគុណភាព យុទ្ធសាស្ត្រទីផ្សារ និងការប្រឹក្សារយោបល់ពី ម្ចាស់ម៉ាក ។

គុណសម្បត្តិនៃអាជីវកម្ម ហ្វ្រេនឆាយ

អាជីវកម្មបែបហ្វ្រេនឆាយ បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនចំពោះ ទាំងអ្នកលក់សិទ្ធិអាជីវកម្ម ឬម្ចាស់ម៉ាក (Franchisor) និងអ្នកទិញសិទ្ធិអាជីវកម្ម (Franchisee) ។ សម្រាប់អត្ថប្រយោជន៍ចម្បងដែលម្ចាស់ម៉ាកនឹងទទួលបានគឺលទ្ធភាពក្នុងការប្រើប្រាស់ទុនរបស់អ្នកដ៍ទៃដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងលឿនជាងការប្រើប្រាស់ទុនរបស់ខ្លួន ឬប្រាក់កម្ចី ក្នុងការពង្រីកវា ។ ទុនដែល Franchisor ទទួលបានពីការទិញសិទ្ធិអាជីវកម្ម (Franchise fee), តម្លៃសួយសារអាករ (Royalty fee) និងតួនាទីរបស់ Franchisee ដែលត្រូវគ្រប់គ្រងអាជីវកម្មរបស់ខ្លួន គឺជាលទ្ធភាពដែលធ្វើឲ្យ Franchisor អាចពង្រីកប្រតិបត្តិការ និងធ្វើឲ្យម៉ាកសញ្ញារបស់ខ្លួនកាន់តែរីកចម្រើន ដោយមិនចាំបាច់លះបង់ពេលវេលាច្រើនក្នុងការគ្រប់គ្រង ឬមានសម្ពាធនៅពេលខ្ចីទុនពីភាគីទីបីមកពង្រីកអាជីវកម្មរបស់ខ្លួននោះទេ ។ ទុនដែលទទួលបានពីការទិញសិទ្ធិអាជីវកម្ម (Franchisee fee) និង តម្លៃសួយសារអាករ (Royalty fee) នេះនឹងត្រូវបានប្រើប្រាស់សម្រាប់ការិយាល័យកណ្តាល (Headquarter) ក្នុងការជួយបណ្តុះបណ្តាល និងគាំទ្រដល់ Franchisee លើផ្នែកមួយចំនួនដូចជា៖ ការធ្វើទីផ្សារ, និងការប្រឹក្សាយោបល់ទៅលើម៉ាកសញ្ញា, ប្រតិបត្តិការអាជីវកម្ម និងពង្រឹងគុណភាពផលិតផល ឬសេវាកម្ម និងធ្វើឲ្យម៉ាកសញ្ញាកាន់តែល្បីថែមទៀតនៅលើទីផ្សារ ។

សម្រាប់អ្នកទិញសិទ្ធិអាជីវកម្ម (Franchisees), អត្ថប្រយោជន៍ដែលទទួលបានពីការទិញសិទ្ធិអាជីវកម្មយកទៅដំណើរការរួមមាន៖ មានឪកាសខ្ពស់ក្នុងការទទួលបានជោគជ័យជាងការដំណើរការក្រុមហ៊ុនឯកបុគ្គល; អាចបើកដំណើរការបានភ្លាមៗ; ទទួលបានការបណ្តុះបណ្តាល និងការគាំទ្រពីសំណាក់ម្ចាស់ម៉ាកក្នុងអំឡុងពេលដំណើរការអាជីវកម្ម; ការប្រឹក្សាយោបល់ពីម្ចាស់ម៉ាកដើម្បីស្វែងរកទីតាំងហាងដែលល្អបំផុត និងសាកសមទៅនិងអាជីវកម្មប្រភេទនោះ; ការដំណើរការអាជីវកម្មដោយប្រើប្រាស់ម៉ាកសញ្ញាដែលមានអតិថិជនស្គាល់ស្រាប់; ការប្រើប្រាស់គំរូប្រតិបត្តិការអាជីវកម្មដែលមានស្រាប់; មានការផ្សព្វផ្សាយរួចជាស្រេច; ទទួលបានសេវាបម្រើអតិថិជនតាមរយៈការិយាល័យកណ្តាល និងបណ្តាញអតិថិជនដែលគាំទ្រម៉ាកសញ្ញាអាជីវកម្មជាដើម ។

គុណវិប្បត្តិនៃអាជីវកម្ម ហ្វ្រេនឆាយ

ដោយឡែក ឪកាសនៃការបរាជ័យរបស់ Franchisee រួមមាន៖ កង្វះខាតឯករាជ្យភាព និងមិនអាចម្ចាស់ការលើប្រតិបត្តិការអាជីវកម្ម ជាពិសេសវិធីសាស្ត្រក្នុងការលក់ផលិតផល និងសេវាកម្មរបស់ខ្លួន; ការផ្សព្វផ្សាយដែលមិនសមស្របទៅនិងលក្ខខណ្ឌទីផ្សារផលិតផលដែលត្រូវការចំណាយទុនច្រើន; តម្រូវការរចនាហាងថ្មីបន្ទាប់ពីចប់កិច្ចសន្យា និងការផ្លាស់ប្តូររបៀបរបបនៃការដឹកនាំដែលយើងមិនពេញចិត្ត ហើយដែលតម្រូវឲ្យមានការដឹកនាំតាមបទដ្ឋានរបស់ម្ចាស់ម៉ាក ។

ជារួម អាជីវកម្មបែបហ្វ្រេនឆាយ មានលក្ខណៈដូចគ្នាទៅនិងអាជីវកម្មទូទៅដែរ គឺមិនមានការធានាថាត្រូវតែជោគជ័យនោះទេ ហើយក៏អាចប្រឈមទៅនិងការបិទទ្វាផងដែរ ។ និយាយបែបសាមញ្ញ អាជីវកម្មហ្វ្រេនឆាយ ប្រៀបបានទៅនិងការទិញប្រព័ន្ធអាជីវកម្មមួយដែលមានទាំងកេរ្តិ៍ឈ្មោះ អតិថិជន ប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធគ្រប់គ្រងអាជីវកម្ម ការគាំទ្រពីសំណាក់ម្ចាស់ម៉ាក ការផ្សព្វផ្សាយ ប្រព័ន្ធហិរញ្ញវត្ថុ និងច្បាប់ផ្សេងៗដែលកំណត់ដោយ Franchisor និងតម្រូវឲ្យ Franchisee អនុវត្តតាមកិច្ចសន្យាអាជីវកម្មដែលមានព្រមព្រៀង (Franchise agreement) ។

“ការអនុវត្តតាមប្រព័ន្ធអាជីវកម្ម” គឺជាតម្រូវការចាំបាច់នៅក្នុងអាជីវកម្មហ្វ្រេនឆាយ ហើយវាមានសារសំខាន់បំផុតដែលធ្វើឲ្យ Franchisee ទទួលបានជោគជ័យ ។ Franchisees ដែលចំណាយទុនក្នុងការទិញប្រព័ន្ធអាជីវកម្មពី Franchisor ជឿជាក់យ៉ាងមុតមាំថា ប្រសិនបើអនុវត្តតាមប្រព័ន្ធអាជីវកម្មនោះ និងទទួលបានជោគជ័យ ជាមួយនិងប្រាក់ចំណេញផងដែរ ។ ជាទូទៅ សម្រាប់ Franchisors ដែលល្អតែងបើកចំហរ ទទួលយកនូវសំណើរសមរម្យនានាពីសំណាក់ Franchisee ដើម្បីផ្លាស់ប្តូរ និងបត់បែនទៅតាមស្ថានភាពទីផ្សារអាជីវកម្ម ។ ប៉ុន្តែ សម្រាប់ Franchisee ដែលអនុវត្តផ្ទុយពីប្រព័ន្ធអាជីវកម្មដោយមិនមានការយល់ព្រមពីសំណាក់ Franchisor គឺជាការរំលោភលើបទបញ្ញាតិនានាដែលបានចែងនៅក្នុងកិច្ចសន្យាហ្វ្រេនឆាយ (Franchise agreement) ដែលអាចឲ្យ Franchisor ធ្វើការដកហូតសិទ្ធិអាជីវកម្ម និងបញ្ឈប់ការប្រើប្រាស់ម៉ាកសញ្ញារបស់ Franchisor ។ ក្នុងករណីនេះ Franchisees ត្រូវតែយល់ព្រមរក្សាការសម្ងាត់ស្តីពីប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងកិច្ចសន្យាមិនប្រកួតប្រជែងនាពេលខាងមុខ ។

មិនមែនគ្រប់គ្នាសុទ្ធតែអាចដំណើរការអាជីវកម្មហ្វ្រេនឆាយនោះទេ ។ អាជីវកម្មហ្វ្រេនឆាយមួយចំនួនត្រូវការឯករាជ្យភាព ម្ចាស់ការ និងបត់បែនទៅតាមស្ថានភាព ជាពិសេសស្ថានភាពទីផ្សារ ដើម្បីទទួលបានជោគជ័យ និងប្រាក់ចំណេញ ។ ចំពោះការវិនិយោគលើការទិញហ្វ្រេនឆាយ អ្វីដែល Franchisee ត្រូវគិត មិនត្រឹមតែគំរូហ្វ្រេនឆាយប៉ុណ្ណោះទេ តែត្រូវគិតទៅលើវប្បធម៌ តម្លៃ និងគោលបំណងរបស់ Franchisor ៕

សមាគមម្ចាស់សិទ្ធអាជីវកម្មនៅកម្ពុជា

ចូលរួមជាមួយ សមាគមម្ចាស់សិទ្ធអាជីវកម្មនៅកម្ពុជា ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ស្តីអំពីវិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍន៍អាជីវកម្មឲ្យទៅជា ហ្វ្រេនឆាយ ។
ទំនាក់ទំនង៖ 077 69 11 99 / 016 72 72 56

Leave A Reply

Your email address will not be published.