ជំហ៊ានទាំង ៥ ដែលអ្នកត្រូវធ្វើ ដើម្បីពង្រីកខ្លួនទៅជា ហ្វ្រេនឆាយ

809

អាជីវកម្ម ហ្វ្រេនឆាយ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃកំពុងត្រូវបានពេញនិយមយ៉ាងខ្លាំងពីសំណាក់ SMEs នៅក្នុងប្រទេសកម្ពុជា ជាពិសេស ប្រភេទអាជីវកម្មខ្នាតតូច និងមធ្យមជាច្រើន ដែលធ្វើប្រតិបត្តិការមានលក្ខណៈគ្រួសារ ហើយចង់ពង្រីកខ្លួនឲ្យទៅជាស្តង់ដា និងវិវឌ្ឍន៍ទៅជា ហ្វ្រេនឆាយ ។

ការវិវឌ្ឍន៍អាជីវកម្មមួយឲ្យទៅជា ហ្វ្រេនឆាយ គឺជាជំហ៊ានឆ្ពោះទៅរកការរីកចម្រើនដ៏ធំមួយ ពីព្រោះតាមរយៈការលក់សិទ្ធិអាជីវកម្ម ម្ចាស់ម៉ាកនីមួយៗ អាចមានប្រភពទុនគ្រប់គ្រាន់ក្នុងការពង្រីកម៉ាកសញ្ញារបស់ខ្លួនឲ្យកាន់តែរីកចម្រើន ។ ប៉ុន្តែ ការប្រែក្លាយខ្លួនទៅជាម្ចាស់ម៉ាក (Franchisor) មិនមែនសុទ្ធតែទទួលបានជោគជ័យនោះទេ ជាពិសេសនៅក្នុងបរិបទនៃទីផ្សារដែលមានការប្រកួតប្រជែងខ្លាំង ។

ខាងក្រោមនេះ គឺជាជំហ៊ានទាំង ៥ ដែលយើងត្រូវដឹង មុនពេលសម្រេចចិត្តអភិវឌ្ឍន៍អាជីវកម្មរបស់យើងឲ្យទៅជាអាជីវកម្មបែប ហ្វ្រេនឆាយ៖

១. វាយតម្លៃសក្តានុពលនៃអាជីវកម្ម

គ្រប់អាជីវកម្មទាំងអស់ មិនមែនសុទ្ធសឹងតែអាចអភិវឌ្ឍន៍ខ្លួនឲ្យទៅជា ហ្វ្រេនឆាយ នោះទេ ។ នៅក្នុងជំហ៊ានតំបូងមុននឹងសម្រេចចិត្តអភិវឌ្ឍន៍អាជីវកម្មមួយឲ្យក្លាយទៅជា ហ្វ្រេនឆាយ យើងត្រូវដឹងជាមុនសិនថាតើសក្តានុពលអាជីវកម្មរបស់យើងនៅក្នុងទីផ្សារដ៏ប្រកួតប្រជែងមានកម្រិតណា ជាពិសេស នៅពេលដែល Franchisee ទិញសិទ្ធិអាជីវកម្មរបស់យើងយកទៅដំណើរការ នឹងអាចផ្តល់មកវិញនូវទុនដើម (ROI) និងប្រាក់ចំណេញ (Profit) ក្នុងកម្រិតណា ។

២. បង្កើតប្រព័ន្ធស្តង់ដារតែមួយសម្រាប់អាជីវកម្ម

ការអភិវឌ្ឍន៍អាជីវកម្មឲ្យក្លាយទៅជាហ្វ្រេនឆាយ គឺប្រៀបដូចជាច្រវ៉ាក់កង់មួយដូច្នោះដែរ ពោលគឺត្រូវរត់ត្រង់ជួរគ្នា មិនអាចមាននរណាម្នាក់វៀចបានឡើយ ។ មួយវិញទៀត ចំពោះការរៀបចំនូវប្រព័ន្ធប្រតិបត្តិការ ទីផ្សារ ការរចនាហាង និងសេវាកម្មជាដើម គឺទាមទារឲ្យមានការរៀបចំច្បាស់លាស់ដើម្បីធានាបាននូវគុណភាពប្រកបដោយស្តង់ដារមួយ ព្រោះប្រព័ន្ធស្តង់ដារនេះ នឹងត្រូវយកទៅអនុវត្តន៍គ្រប់ហាងទាំងអស់ដែលលក់ទៅឲ្យ Franchisee ។

៣. កំណត់តម្លៃសេវាសម្រាប់ប្រព័ន្ធ Franchise

លោកអ្នកប្រហែលជាផ្លាប់ដឹងហើយថាការទិញ Franchise ត្រូវការប្រើទុនមួយចំនួន ដែលក្នុងនោះរួមមានដូចជា តម្លៃតំបូង (initial fee), តម្លៃសម្រាប់បន្តប្រតិបត្តិការ (continuing fee), តម្លៃសម្រាប់ការធ្វើទីផ្សារ (marketing fee), តម្លៃសួយសារអាករ (Royalty fee) និងកម្រៃសេវាផ្សេងៗជាច្រើនបន្ថែមទៀត ។ វាជាការពិតអាជីវកម្មហ្វ្រេនឆាយជាមធ្យមលក់ចេញក្នុងតម្លៃមិនតិចជាង២ម៉ឺនដុល្លារនោះទេ តែក៏មានអាជីវកម្មហ្វ្រេនឆាយ ដែលមានតម្លៃតិចជាងនេះដែរ គឺអាស្រ័យតាមប្រភេទអាជីវកម្មនីមួយៗ ។ ការកំណត់តម្លៃមួយនេះវាអាស្រ័យលើការចំណាយនានាដែលម្ចាស់ដើមអាជីវកម្មត្រូវជួយដល់អ្នកទិញសិទ្ធិបន្ត ។

៤.​ កំណត់ពីរយ:ពេលនៃការប្រើប្រាស់សិទ្ធិយីហោ និងទីតាំង

ការលក់ហ្វ្រេនឆាយមិនមែនមានន័យថាអ្នកទិញសិទ្ធិបន្តពីអ្នកទៅហើយអាចយកយីហោអាជីវកម្មនោះទៅប្រើបានជារៀងរហូតនោះទេ អ្នកត្រូវកំណត់រយ:ពេលណាមួយលើការប្រើប្រាស់សិទ្ធិអាជីវកម្មនោះ ហើយការកំណត់រយ:ពេលនេះវាអាស្រ័យលើរយ:ពេលនៃការរកចំណូលត្រឡប់មកវិញនៃអាជីវកម្មនោះថាវាអាចរួចដើមមកវិញក្នុងអំឡុងពេលណា ហើយរយ:ពេលប៉ុន្មានដែលអាជីវកម្មនោះ អាចមើលឃើញចំណេញ ។

៥. រៀបចំកិច្ចសន្យាសម្រាប់អាជីវកម្ម Franchise

ក្រោយពីបញ្ចប់នូវការចងក្រងប្រព័ន្ធគ្រប់គ្រងលើអាជីវកម្មរួចរាស់ហើយ ដើម្បីជំរុញការអនុវត្តអាជីវកម្មឲ្យកាន់តែអាចធ្វើទៅបាន ស្របទៅតាមគោលការណ៍ដែលកំណត់ ម្ចាស់ដើមអាជីវកម្មត្រូវរៀបចំធ្វើឯកសារកិច្ចសន្យាជាមួយអ្នកទិញសិទ្ធិបន្ត បែងចែកសិទ្ធិ និងតួនាទីដែលភាគីទាំងសងខាងត្រូវធ្វើ ឬមិនត្រូវធ្វើ ។ នៅក្នុងការរៀបចំកិច្ចសន្យាពីរសម្រាប់ជូនអ្នកទិញសិទ្ធិបន្ត ទី១ កិច្ចសន្យាទិញ (Purchase Agreement) គឺជាកំណត់លក្ខខណ្ឌទាក់ទងនឹងតម្លៃ និងការផ្តល់ជូននានាក្នុងការទិញ Franchise ជាមួយនិងនីតិវិធីក្នុងការបង់ប្រាក់ ។ ទី២ គឺកិច្ចព្រមព្រៀងលើការប្រើប្រាស់សិទ្ធិ (Franchise or Licence Agreement) ដែលជាការកំណត់នូវសិទ្ធិនិងតួនាទីជាក់លាក់របស់ភាគីទាំងសងខាង ៕

សមាគមម្ចាស់សិទ្ធអាជីវកម្មនៅកម្ពុជា

ចូលរួមជាមួយ សមាគមម្ចាស់សិទ្ធអាជីវកម្មនៅកម្ពុជា ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ស្តីអំពីវិធីសាស្ត្រក្នុងការអភិវឌ្ឍន៍អាជីវកម្មឲ្យទៅជាហ្វ្រេនឆាយ ។
ទំនាក់ទំនង៖ 077 69 11 99 / 016 72 72 56

Leave A Reply

Your email address will not be published.