ចង់ឲ្យអាជីវកម្មអ្នកជោគជ័យ សូមកុំទម្លាប់បង្កើត Plan B

855

សព្វថ្ងៃនេះ មានសហគ្រិនជាច្រើនចេញបើកអាជីវកម្មដោយគ្មានគោលដៅជាក់លាក់ គ្មានការតាំងចិត្តច្បាស់លាស់ បង្កើតអាជីវកម្មដើម្បីតែប្រាក់ចំណេញ មុខមាត់ មើលឃើញតែក្នុងពេលបច្ចុប្បន្ន មិនបានគិតវែងឆ្ងាយ ជាពិសេសប្រកបអាជីវកម្មក៏ព្រោះតែឃើញគេជោគជ័យក្នុងវិស័យមួយ ធ្វើឲ្យខ្លួនជ្រួលជ្រើមចេញបង្កើតមុខរបរក្នុងវិស័យនោះដែរ ដែលបង្កើតទៅជាការរកស៊ីដែលគ្មានគំនិតឆ្នៃប្រឌិត ឬការរកស៊ីតាមគ្នា ។

ប្រការទាំងនេះបានធ្វើឲ្យអាជីវកម្មទាំងនោះគ្មានភាពច្បាស់លាស់ មិនយូរអង្វែង និងជាដើមចមធ្វើឲ្យបរាជ័យ ខាតបង់ទាំងថវិការ និងពេលវេលា រួចក៏បង្ខំចិត្តបង្កើតអាជីវកម្មមួយថ្មីទៀតដើម្បីត្រៀមលក្ខណៈ ការពារនៅពេលអាជីវកម្មចាស់ដួលរលំ ។

សម្រាប់អ្នកដែលចង់ក្លាយខ្លួនជាសហគ្រិនដ៏ជោគជ័យ និងធ្វើការងារប្រកបដោយប្រសិទ្ធិភាពត្រូវតែជាមនុស្សដែលមិនទម្លាប់បង្កើតគម្រោងអាជីវកម្មទី២ ឬ Plan B ខណៈពេលដែលអាជីវកម្មចាស់មិនទាន់បានជោគជ័យ ។

នៅពេលដែលយើងបង្កើតគម្រោងអាជីវកម្មថ្មីគឺមានន័យថា យើងកំពុងតែធ្វើការងារមូយដែលគ្មានការតាំងចិត្ត មិនផ្តោតការយកចិត្តទុកដាក់ (Focus) និងមិនជម្នះឧបសគ្គដើម្បីសម្រេចគោលដៅនោះឡើយ ។ នោះមានន័យថា នៅពេលដែលអាជីវកម្មជួបបញ្ហា អ្នកនឹងមិនរិះរកវិធីដោះស្រាយធ្វើឲ្យអាជីវកម្មអាចដំណើរការបន្តនោះទេ ផ្ទុយទៅវិញ អ្នកកំពុងត្រៀមលក្ខណៈបោះបង់ចោលអាជីវកម្មចាស់ ហើយត្រៀមខ្លួនរត់ទៅរកអាជីវកម្មថ្មីមិនខាន ។

ដូច្នេះការបង្កើតគម្រោងអាជីវកម្មថ្មី ខណៈដែលអាជីវកម្មចាស់មិនទាន់ជោគជ័យ មិនល្អសម្រាប់អ្នកឡើយ ។ លោកអ្នកគួរផ្តោតការយកចិត្តទុកដាក់លើអាជីវកម្មដែលកំពុងដំណើរការ មានបញ្ហាត្រូវរិះរកវិធីដោះស្រាយ ជាសវាងទុកបញ្ហាចោលរួចរត់ទៅបង្កើតអាជីវកម្មថ្មី ។ យើងអាចបង្កើតអាជីវកម្មថ្មី ឬពង្រីកអាជីវកម្មចាស់នៅពេលដែលអាជីវកម្មចាស់របស់យើងដំណើការបានរលូនទៅមុខ ។

ជាឧទាហរណ៍អាជិវកម្ម KFC របស់សេដ្ឋីវ័យ ៦៥ឆ្នាំ លោក Colonel Sander ដែលលោកអាចទទួលបានជោគជ័យរហូតដល់សព្វថ្ងៃនេះ លោកបានតស៊ូយ៉ាងខ្លាំងក្លា និងជួបបរាជ័យរហូតដល់ ១០០៩លើកទម្រាំបង្កើតបានរូបមន្តមាន់បំពងដ៏សំងាត់មួយដែលប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ ។ នេះហើយគឺជាការផ្តោតការយកចិត្តទុកដាក់ មិនបោះបង់ មិនត្រៀមផែនការ B ៕

Leave A Reply

Your email address will not be published.